រឿងរបស់អ្នកជំនួញស្ថាបនិកម្នាក់កំពុងតែស្មុគស្មាញខ្លាំង ក្នុងការសម្រេចចិត្តបង្កើតគម្រោងជំនួញថ្មី។ ដោយឃើញស្ថាបនិករបស់ខ្លួន កំពុងតែស្មុគស្មាញ បុគ្គលិកខាងផ្នែកអភិវឌ្ឍម្នាក់ បាននិយាយទៅកាន់អនុប្រធានក្រុមហ៊ុន «ខ្ញុំមានយោបល់មួយដែលអាចជួយឱ្យក្រុមហ៊ុន ដោះស្រាយបញ្ហាចំពោះមុខបាន តែខ្ញុំមិនហ៊ានបញ្ចេញមតិទេ ព្រោះខ្ញុំជាបុគ្គលិកថ្មី»។ អនុប្រធានក្រុមហ៊ុន បានតបទៅបុគ្គលិកថ្មីនោះវិញថា «បើប្អូនមានយោបល់ ប្អូនបញ្ចេញមក ក្រុមហ៊ុនមិនស្ដីឱ្យប្អូនទេ។ ផ្ទុយទៅវិញ ក្រុមហ៊ុនមានតែសប្បាយចិត្ត ព្រោះថា ការបើកទូលាយឱ្យបុគ្គលិក បញ្ចេញមតិចំពោះការងារក្នុងក្រុមហ៊ុន គឺជាផ្នែកសំខាន់មួយ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបានជោគជ័យ»។ បុគ្គលិកថ្មីនោះ បាននិយាយថា «គឺខ្ញុំចង់ឱ្យមានកោះប្រជុំមួយ តម្រូវឱ្យបុគ្គលិកទាំងអស់ បញ្ហាញពីឆន្ទៈរបស់ខ្លួន ចំពោះគម្រោងថ្មីរបស់ក្រុមហ៊ុន ដែលរៀបនឹងដាក់ចេញមក ដើម្បីចូលរួមដោះស្រាយបញ្ហាជាមួយស្ថាបនិក»។ អនុប្រធាន ស្មឹងស្មាធមួយសន្ទុះ រួចឆ្លើយថា «យោបល់ល្អ ខ្ញុំយល់ព្រម»។ អនុប្រធានបានដាក់ពាក្យស្នើសុំទៅប្រធានក្រុមហ៊ុន ឱ្យមានការជួបប្រជុំមួយឡើង។ នៅក្នុងអង្គប្រជុំ បុគ្គលិកទាំងអស់ បានបោះឆ្នោតគាំទ្រ ឱ្យក្រុមហ៊ុនដាក់ចេញនូវគម្រោងជំនួញថ្មី ហើយពួកគេប្ដេជ្ញាយ៉ាងពេញទំហឹង ទៅតាមជំនាញរៀងៗខ្លួន ក្នុងការចូលរួមសម្រេចគម្រោង ជំនួញថ្មីរបស់ក្រុមហ៊ុន។ បុគ្គលិកផ្នែកទីផ្សារម្នាក់ បានថ្លែងនៅក្នុងអង្គប្រជុំថា «គម្រោងថ្មីរបស់ក្រុមហ៊ុន គឺកំពុងតែត្រូវការខ្លាំងសម្រាប់ទីផ្សារក្នុងស្រុក ប្រសិនបើក្រុមហ៊ុនរបស់យើង ដាក់គម្រោងនេះចេញមក ក្រុមហ៊ុនច្បាស់ជាជោគជ័យធំធេងណាស់»។ បន្ទាប់ពីអង្គប្រជុំត្រូវបានបញ្ចប់ ដោយមានការប្ដេជ្ញាខ្លាំងរបស់បុគ្គលិក និងការជម្រុញពីបុគ្គលិក ឱ្យបើកគម្រោងជំនួញថ្មី រួមទាំងឆ្លងកាត់ត្រិះរិះពិចារណា យ៉ាងល្អិតល្អន់របស់ខ្លួន ស្ថាប់និកក៏បើកអង្គប្រជុំជាថ្មី រួចថ្លែងចំពោះមុខបុគ្គលិកទាំងអស់ថា​ «ក្រុមហ៊ុនសម្រេចថា នឹងដាក់ចេញនូវគម្រោងថ្មី ដោយគ្មានការស្ទាក់ស្ទើរ ព្រោះថាក្រុមហ៊ុនជឿជាក់លើសមត្ថភាព របស់បុគ្គលិកនៅតាមផ្នែកនីមួយៗ ហើយក្រុមហ៊ុនសង្ឃឹមថា គម្រោងថ្មីនេះនឹងជោគជ័យ ក្នុងទីផ្សារក្នុងស្រុក»។ បន្ទាប់ពីអង្គប្រជុំបញ្ចប់ គម្រោងថ្មីត្រូវបានដាក់ចេញមក មេនៅតាមផ្នែកនីមួយៗ បានបែងចែកការងារឱ្យបុគ្គលិក ទៅតាមជំនាញ និងសម្ថភាពរបស់ពួកគេ។ ១ឆ្នាំក្រោយមក គម្រោងជំនួញថ្មីរបស់ស្ថាបនិក ទទួលបានជោគជ័យដូចការគ្រោងទុក។ ស្ថាបនិកក៏តម្លើងប្រាក់ខែ ដល់បុគ្គលិកគ្រប់ៗគ្នា ដើម្បីជាការតបស្នងដល់បុគ្គលិកទាំងអស់ ដែលបានចំណាយពេលវេលា និងខិតខំប្រឹងប្រែងធ្វើការដើម្បីក្រុមហ៊ុន ទាល់តែគម្រោងថ្មីនេះទទួលបានជោគជ័យ។ 

រឿងខ្លីនេះមានតម្លៃអប់រំ «ការបើកទូលាយក្នុងការបញ្ចេញមតិ នឹងបែងចែកការងារទៅតាមជំនាញ និងសមត្ថភាព រួមទាំងកម្លាំងចិត្ត ការរួមសាមគ្គី និងទំនុកចិត្តរវាងស្ថាបនិក និងបុគ្គលិកទាំងអស់ អាចជម្រុញឱ្យក្ដីស្រម៉ៃរបស់ក្រុមហ៊ុន ក្លាយជាការពិត»៕